ព្រះត្រៃបិដក ភាគ ៣៩
បពិត្រព្រះអង្គដ៏ចំរើន ទីឃាវុឧបាសក មានអាពាធ ដល់នូវសេចក្ដីទុក្ខឈឺធ្ងន់ ទីឃាវុឧបាសកនោះ ថ្វាយបង្គំព្រះបាទា នៃព្រះដ៏មានព្រះភាគ ដោយសិរសា។ អ្នកចូរក្រាបបង្គំទូល យ៉ាងនេះផងថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ធ្វើនូវសេចក្ដីអនុគ្រោះ យាងចូលទៅកាន់លំនៅ នៃទីឃាវុឧបាសក។ ជោតិយគហបតី ទទួលស្ដាប់ពាក្យទីឃាវុឧបាសកថា អើកូន ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គួយក្នុងទីសមគួរ។
[១១៨] លុះ ជោតិយគហបតី អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទីឃាវុឧបាសក មានអាពាធ ដល់នូវសេចក្ដីទុក្ខ ឈឺធ្ងន់ ទីឃាវុឧបាសកនោះ ថ្វាយបង្គំព្រះបាទាព្រះដ៏មានព្រះភាគ ដោយសិរសា។ ឧបាសកនោះ ពោលយ៉ាងនេះផងថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ធ្វើនូវសេចក្ដីអនុគ្រោះ យាងចូលទៅកាន់លំនៅ នៃទីឃាវុឧបាសក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។
ID: 636852912013703670
ទៅកាន់ទំព័រ៖