ព្រះត្រៃបិដក ភាគ ៣៩
[១២៧] ម្នាលអាវុសោ ពពួកសត្វនេះ ដែលព្រះដ៏មានព្រះភាគ ព្យាករថា បានដល់សោតៈ មានសភាពមិនបានធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខយ៉ាងនេះ ព្រោះហេតុប្រកបដោយធម៌ ៤ យ៉ាង។ ធម៌ ៤ យ៉ាង តើដូចម្ដេច។ ម្នាលអាវុសោ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ ព្រះអង្គនោះ។បេ។ ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយសីល ជាទីត្រេកអរ របស់ព្រះអរិយៈ ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅព្រម ដើម្បីសមាធិ។ ម្នាលអាវុសោ ពពួកសត្វនេះ ដែលព្រះដ៏មានព្រះភាគ ព្យាករថា បានដល់សោតៈ មានសភាព មិនបានធ្លាក់ចុះ ក្នុងអបាយ ជាបុគ្គលទៀង មានកិរិយា ត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខយ៉ាងនេះ ព្រោះហេតុប្រកបដោយធម៌ ៤ យ៉ាងនេះឯង។
[១២៨] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ
ID: 636852913393472589
ទៅកាន់ទំព័រ៖