ព្រះត្រៃបិដក ភាគ ៣៩
ការនិយាយត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តនឹងត្រូវ ១។
[១៣២] ម្នាលសារីបុត្ត ប្រពៃពេកណាស់ ម្នាលសារីបុត្ត មែនហើយ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាសោតៈ។ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្ដេចខ្លះ។ គឺសេចក្តីឃើញត្រូវ ១ ។បេ។ ការដំកល់ចិត្តនឹងត្រូវ ១។
[១៣៣] ម្នាលសារីបុត្ត គេតែងពោលថា បុគ្គលដល់នូវសោតៈៗ ដូច្នេះ ម្នាលសារីបុត្ត ចុះបុគ្គលដល់នូវសោតៈ តើដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ប្រកបដោយផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះ ហៅថា បុគ្គលដល់នូវសោតៈ លោកដ៏មានអាយុនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ។
[១៣៤] ម្នាលសារីបុត្ត ប្រពៃពេកណាស់ បុគ្គលប្រកបដោយផ្លូវ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង នេះហៅថា បុគ្គលដល់នូវសោតៈ លោកដ៏មានអាយុនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ។
[១៣៥] សាវត្ថីនិទាន។ សម័យនោះឯង ភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះដ៏មានព្រះភាគ កាលព្រះដ៏មានព្រះភាគ មានចីវរសម្រេចហើយ លុះកន្លង ៣ ខែទៅ នឹងសេ្តចចៀសចេញទៅកាន់ចារិក។
ID: 636852914033999225
ទៅកាន់ទំព័រ៖