ព្រះត្រៃបិដក ភាគ ៣៩
[១៣៦] សម័យនោះឯង មាននាយជាងឈើ (ពីរនាក់) ឈ្មោះ ឥសិទត្ត
(១) និងបុរាណៈ
(២) នៅអាស្រ័យក្នុងស្រុកសួយ ឥសិទត្ត និងបុរាណៈ បានឮដំណឹងថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះដ៏មានព្រះភាគ កាលព្រះដ៏មានព្រះភាគ មានចីវរសម្រេចហើយ លុះកន្លង ៣ ខែទៅ ក៏នឹងស្ដេចចៀសចេញ ទៅកាន់ចារិក។ គ្រានោះ នាយជាងឈើ ឈ្មោះ ឥសិទត្ត និងបុរាណៈ បានឲ្យបុរសឈរចាំផ្លូវ (ហើយផ្ដាំ) ថា នែបុរសដ៏ចំរើន (បើ) អ្នកឃើញព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ស្ដេចមកក្នុងវេលាណា គប្បីប្រាប់ដល់យើង ក្នុងវេលានោះ។ បុរសនោះ នៅចាំអស់ ២ ថ្ងៃ ៣ ថ្ងៃហើយ ក៏បានឃើញព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ត្រឡប់ចូលទៅរកនាយជាងឈើ ឈ្មោះឥសិទត្តនិងបុរាណៈ លុះចូលទៅដល់ហើយ ក៏ជម្រាបទៅនាយជាងឈើ ឈ្មោះឥសិទត្ត និងបុរាណៈ ដូច្នេះថា បពិត្រអ្នកដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធនោះ ទ្រង់ស្ដេចមកដល់ហើយ អ្នកទាំងឡាយ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។
(១) បានសម្រេចសកទាគាមិ។ (២) បានសម្រេចសោតៈ (អដ្ឋកថា)។
ID: 636852914441652541
ទៅកាន់ទំព័រ៖