ព្រះត្រៃបិដក ភាគ ៣៩
ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្ដេច។ ម្នាលនាយជាងឈើទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ទ្រង់ជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមានទាន លះបង់ស្រឡះហើយ មានដៃលាងស្អាតហើយ ជាអ្នកត្រេកអរ ក្នុងការលះបង់ គួរដល់ការសូម ត្រេកអរក្នុងការចែករលែក នូវទាន។ ម្នាលនាយជាងឈើទាំងឡាយ អរិយសាវក អ្នកដល់នូវសោតៈហើយ ប្រកបដោយធម៌ ៤ យ៉ាងនេះ មានសភាពមិនបានធ្លាក់ចុះ ក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ។
[១៥៤] ម្នាលនាយជាងឈើទាំងឡាយ អ្នកទាំងឡាយ ចូរប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ទ្រង់ជាគ្រូ នៃទេវតានិងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។
ID: 636852916756354935
ទៅកាន់ទំព័រ៖