ព្រះត្រៃបិដក ភាគ ៣៩
[១៥៦] ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេឡុទ្វារគ្រាម បានឮដំណឹងហើយ (ក៏ប្រកាសប្រាប់គ្នាថា) នែអ្នកទាំងឡាយ ដ៏ចំរើន ឮថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះភ្នួស ឥឡូវនេះ ទ្រង់ស្ដេចទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើនអង្គ បានដល់មកវេឡុទ្វារគ្រាមហើយ។ ឯកិត្តិសព្ទ ដ៏ពីរោះ របស់ព្រះគោតមដ៏ចំរើននោះ ឮខ្ជរខ្ជាយ សុះសាយទៅ យ៉ាងនេះថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ យាងទៅកាន់ព្រះនិព្វាន ទ្រប់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាន នូវបុរស ដូចជានាយសារថី ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ព្រះអង្គ បានធ្វើឲ្យជាក់ច្បាស់ បានត្រាស់ដឹងដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ព្រះអង្គ ទ្រង់សំដែងធម៌ពីរោះបទដើម បទកណ្ដាល និងបទចុង
ID: 636852917268334218
ទៅកាន់ទំព័រ៖