ព្រះត្រៃបិដក ភាគ ៣៩

 ​[​១៦០​]​ ​ម្នាល​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងឡាយ​ ​ចុះ​អ​ត្តូ​បនាយិ​ក​ធម្មបរិយាយ​តើ​ដូចម្ដេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​តែង​ពិចារណា​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ចង់​រស់​ ​មិន​ចង់​ស្លាប់​ ​ស្រឡាញ់​សុខ​ ​ស្អប់​ទុក្ខ​ ​បើ​បុគ្គល​ណា​ ​មក​ផ្ដាច់បង់​ជីវិត​អាត្មាអញ​ ​ដែល​ចង់​រស់​ ​មិន​ចង់​ស្លាប់​ ​ស្រឡាញ់​សុខ​ ​ស្អប់​ទុក្ខ​ ​អំពើនោះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ឡើយ​ ​ប្រសិនបើ​អាត្មាអញ​ផ្ដាច់បង់​ជីវិត​បុគ្គល​ដទៃ​ ​ដែល​ចង់​រស់​ ​មិន​ចង់​ស្លាប់​ ​ស្រឡាញ់​សុខ​ ​ស្អប់​ទុក្ខ​វិញ​ ​អំពើនោះ​ក៏​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​បុគ្គល​ដទៃ​ដែរ​ ​ធម៌​ណា​ ​ដែល​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ ​ធម៌​នុ៎ះ​ ​ក៏​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​បុគ្គល​ដទៃ​ដែរ​ ​ធម៌​ណា​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ហើយ​ ​អាត្មាអញ​ ​គប្បី​ញ៉ាំង​បុគ្គល​ដទៃ​ ​ឲ្យ​ប្រកបដោយ​ធម៌​នោះ​ ​ដូចម្ដេច​កើត​។​ ​លុះ​អរិយ​សាវក​នោះ​ ​ពិចារណា​ ​ដូច្នេះហើយ​ ​ក៏​វៀរចាក​ការ​សម្លាប់សត្វ​ ​ដោយខ្លួនឯង​ផង​ ​បបួល​អ្នក​ដ៏​ទៃ​ឲ្យ​វៀរ​ ​នូវ​ការ​សម្លាប់សត្វ​ផង​ ​សរសើរគុណ​ ​នៃ​ការ​វៀរចាក​ការ​សម្លាប់សត្វ​ផង​ ​នេះ​ជា​កាយសមាចារ​ ​(​ការប្រព្រឹត្ត​ល្អ​ ​ដោយ​កាយ​)​ ​មាន​បរិសុទ្ធ​ ​៣​ ​ចំណែក​ ​របស់​អរិយ​សាវក​នោះ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636852917893559979
ទៅកាន់ទំព័រ៖