ព្រះត្រៃបិដក ភាគ ៣៩
បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ សុទត្តៈ ធ្វើមរណកាលទៅហើយ គតិរបស់គាត់ ដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះ សុជាតា ធ្វើមរណកាលទៅហើយ គតិរបស់នាងដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។
[១៧១] ម្នាលអានន្ទ ភិក្ខុឈ្មោះសាឡ្ហៈ ធ្វើមរណកាលទៅ បានធ្វើឲ្យជាក់ច្បាស់សម្រេចដោយបញ្ញា ដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្ត ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្ដ។ ម្នាលអានន្ទ ភិក្ខុនី ឈ្មោះនន្ទា ធ្វើមរណកាលទៅ បានជាឱបបាតិកា រលត់មិនសល់ក្នុងទីនោះ មានសភាព មិនបានត្រឡប់ចាកលោកនោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥។ ម្នាលអានន្ទ ឧបាសក ឈ្មោះសុទត្តៈ ធ្វើមរណកាលទៅ បានដល់សកទាគាមី មកកាន់លោកនេះ អស់វារៈម្ដងទៀត ទើបធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខ ព្រោះស្រាលស្ដើងនៃរាគៈ ទោសៈ មោហៈ ព្រោះអស់ទៅ នៃសញ្ញោជនៈ ៣។ ម្នាលអានន្ទ ឧបាសិកាឈ្មោះសុជាតា ធ្វើមរណកាលទៅ បានដល់សោតៈ មានសភាពមិនបានធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃសញ្ញោជនៈ ៣។
ID: 636852919605627904
ទៅកាន់ទំព័រ៖