ព្រះត្រៃបិដក ភាគ ៣៩
សុត្តន្តបិដក
សំយុត្តនិកាយ មហាវារវគ្គ
ឯកាទសមភាគ
ឈានសំយុត្ត
[១] ក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈាននេះ មាន ៤ ប្រការ។ ឈាន ៤ ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ ភិក្ខុនោះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតក្នុងសន្តាន ជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ភិក្ខុនោះ ព្រោះប្រាសចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានស្មារតីផង ដឹងខ្លួន សោយសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាន ថាជាអ្នកប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ចូលកាន់តតិយជ្ឈាននោះ
ID: 636852895208442465
ទៅកាន់ទំព័រ៖