ព្រះត្រៃបិដក ភាគ ៣៩
ធម្មចក្កប្បវត្តនវគ្គ ទី២
[៣៦៥] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ ក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង ២ ប្រការនេះ បព្វជិត មិនគួរសេពគប់ឡើយ។ ធម៌អមខាង ២ ប្រការ គឺអ្វីខ្លះ។ ការប្រកបរឿយៗ នូវសេចក្ដីជាប់ជំពាក់ ដោយកាមសុខ ក្នុងកាមទាំងឡាយ ដែលជាធម៌ ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១ ការប្រកបរឿយៗ នូវសេចក្ដីព្យាយាមធ្វើខ្លួនឯងឲ្យលំបាក ដែលនាំមកនូវសេចក្ដីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា មិនប៉ះពាល់នូវធម៌អមខាង ទាំង ២ នុ៎ះ តថាគត បានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ តើដូចម្ដេច ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។
ID: 636852967614253840
ទៅកាន់ទំព័រ៖