ព្រះត្រៃបិដក ភាគ ៣៩
អភិសមយវគ្គ ទី៦
[៤៤៨] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដី មានប្រមាណតិច ដាក់លើខ្នងព្រះនខា ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច អាចម៍ដី មានប្រមាណតិច ដែលតថាគតលើកដាក់លើចុងក្រចកក្ដី មហាប្រឹថពីនេះក្ដី របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនេះច្រើនជាង អាចម៍ដី មានប្រមាណតិច ដែលព្រះមានព្រះភាគ ទ្រង់លើកដាក់លើខ្នងព្រះនខា មានប្រមាណតិចទេ អាចម៍ដី មានប្រមាណតិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មិនបានដល់នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវក ដែលបរិបូណ៌ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹង (នូវមគ្គ និងផល) សេចក្ដីទុក្ខ របស់អរិយសាវកនោះ ដែលអស់ទៅ រលីងទៅ ច្រើនជាង សេចក្ដីទុក្ខ ដែលសល់នៅ មានប្រមាណតិច មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងគំនរទុក្ខពីមុន ដែលអស់ទៅ រលីងទៅ ចំនួន ៧ អត្តភាព ជាយ៉ាងយូរ ក៏យ៉ាងនោះឯង។ បុគ្គលណាដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។
ID: 636852987943006578
ទៅកាន់ទំព័រ៖