ព្រះត្រៃបិដក ភាគ ០៤
ក្នុងទីដ៏សមគួរ។ បុរសអ្នកធ្វើការងារដែលជាមនុស្សទ័លក្រនោះ លុះអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគសូមទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែកមួយអន្លើដោយភិក្ខុសង្ឃ។ ព្រះអង្គត្រាស់សួរថា ម្នាលអាវុសោ ភិក្ខុសង្ឃច្រើនណាស់ អ្នកចូរដឹងចុះ។ បុរសកំសត់ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃច្រើនក៏ច្រើនចុះ (ព្រោះ) ផ្លែពទ្រាមានប្រមាណច្រើន ខ្ញុំព្រះអង្គបានចាត់ចែងហើយ គ្រឿងផឹកទាំងឡាយនឹងបរិបូណ៌ដោយបបរលាយដោយផ្លែពទ្រា។ ព្រះដ៏មានព្រះភាគទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ បុរសអ្នកធ្វើការងារដ៏កំសត់នោះដឹងច្បាស់ថា ព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ភិក្ខុទាំងឡាយបានដំណឹងថា ឮថា ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន អ្នកធ្វើការងារដ៏កំសត់បាននិមន្តហើយដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក គ្រឿងផឹកទាំងឡាយនឹងបរិបូណ៌ដោយបបរលាយដោយផ្លែពទ្រា។ ភិក្ខុទាំងនោះត្រាច់ទៅ ដើម្បីបិណ្ឌបាត ហើយឆាន់តាំងអំពីព្រឹក។ មនុស្សទាំងឡាយបានដំណឹងថា ឮថា ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន អ្នកធ្វើការងារដ៏កំសត់បាននិមន្តហើយ។ មនុស្សទាំងនោះ
ID: 636786933944645275
ទៅកាន់ទំព័រ៖