ព្រះត្រៃបិដក ភាគ ០៤
នាំយកខាទនីយភោជនីយមានប្រមាណច្រើន ទៅដើម្បីអ្នកធ្វើការងារដ៏កំសត់ (នោះ)។ លុះព្រឹកឡើង ទើបអ្នកធ្វើការងារដ៏កំសត់នោះឲ្យមនុស្សតាក់តែងខាទនីយភោជនីយដ៏ឧត្តម ហើយឲ្យគេក្រាបទូលនូវភត្តកាលចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រនិងចីវរអំពីព្រឹក រួចហើយយាងចូលទៅកាន់លំនៅអ្នកធ្វើការងារដ៏កំសត់នោះ លុះចូលទៅដល់ហើយក៏គង់លើអាសនៈដែលគេតាក់តែងថ្វាយ មួយអន្លើដោយភិក្ខុសង្ឃ។ ទើបអ្នកធ្វើការងារដ៏កំសត់នោះក៏អង្គាសភិក្ខុទាំងឡាយក្នុងរោងភត្ត។ ពួកភិក្ខុពោលយ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចហើយ ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចហើយ។ អ្នកធ្វើការងារដ៏កំសត់នោះឆ្លើយថា បពិត្រលោកទាំងឡាយដ៏ចំរើន លោកទាំងឡាយសូមកុំទទួលនូវវត្ថុបន្តិចៗ ដោយគិតថា អ្នកធ្វើការងារនេះជាមនុស្សកំសត់ឡើយ (ព្រោះ) ខាទនីយភោជនីយមានប្រមាណច្រើន ខ្ញុំព្រះករុណាឲ្យគេតាក់តែងហើយ បពិត្រលោកម្ចាស់ទាំងឡាយ សូមលោកទាំងឡាយទទួល (ឆាន់) ត្រាតែឆ្អែត។ ពួកភិក្ខុឆ្លើយថា ម្នាលអាវុសោ យើងទាំងឡាយទទួលវត្ថុបន្តិចៗ ព្រោះតែហេតុនេះ ក៏មិនមែនទេ មកពីយើងទាំងឡាយត្រាច់ទៅដើម្បីបិណ្ឌបាត
ID: 636786934249412707
ទៅកាន់ទំព័រ៖