ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៤
[១១២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង ឧបាសិកាជាមាតារបស់នាងកាណា ជាស្រ្តីមានសទ្ធាជ្រះថ្លា។ (ឧបាសិកានោះ) បានឲ្យនាងកាណាជាកូនទៅបុរស១នាក់នៅក្នុងស្រុកតូច១។ គ្រានោះ នាងកាណាបានទៅផ្ទះមាតាដោយកិច្ចអ្វីនីមួយដែលខ្លួនត្រូវធ្វើ។ ទើបប្តីនាងកាណាប្រើបម្រើទៅក្នុងសំណាក់នាងកាណាថា នាងកាណាចូរមក អញចង់ឲ្យនាងកាណាត្រឡប់មកវិញ។ កាលនោះ ឧបាសិកាជាមាតារបស់នាងកាណាគិតថា ការទៅដោយដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះហើយ) នាងក៏ចំអិននំ។ ដល់នំឆ្អិន មានភិក្ខុអ្នកត្រាច់បិណ្ឌបាត១អង្គចូលទៅកាន់លំនៅរបស់ឧបាសិកាជាមាតានាងកាណា។ ទើបឧបាសិកាជាមាតារបស់នាងកាណាឲ្យគេប្រគេននំដល់ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំដល់ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុដទៃ។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំដល់ភិក្ខុនោះទៀត។
ID: 636786938229530357
ទៅកាន់ទំព័រ៖