ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៥​


 [​១១៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​ព្រាហ្មណ៍​ម្នាក់​និមន្ត​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឆាន់​។​ ​ពួក​ភិក្ខុ​ឆាន់​ហើយ​ ​បាន​ហាម​ភត្ត​ហើយ​ ​ក៏​ទៅកាន់​ត្រកូល​ញាតិ​ទាំងឡាយ​ ​ភិក្ខុ​ពួក​ខ្លះ​ក៏​ឆាន់​ ​ភិក្ខុ​ពួក​ខ្លះ​កាន់​យក​បិណ្ឌបាត​ទៅ​។​ ​គ្រានោះ​ ​ព្រាហ្មណ៍​នោះ​បាន​ពោល​ពាក្យ​នេះ​នឹង​ពួក​ជន​ជា​អ្នក​ស្និទ្ធស្នាល​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ ​ខ្ញុំ​បាន​ប្រគេន​ចង្ហាន់​ឆាន់​បរិបូណ៌​ហើយ​ ​សូមអ្នក​ទាំងឡាយ​អញ្ជើញ​មក​ ​ខ្ញុំ​នឹង​អង្គាស​អ្នករាល់គ្នា​ទៀត​។​ ​អ្នក​ស្និទ្ធស្នាល​ទាំងនោះ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​អ្នក​នឹង​អង្គាស​យើង​ទាំងឡាយ​ឲ្យ​ឆ្អែត​ដូចម្តេច​បាន​ ​អម្បាល​ភិក្ខុ​ទាំងឡាយ​ណា​ដែល​អ្នក​និមន្ត​មក​ហើយ​ ​ភិក្ខុ​ទាំងនោះ​មកកាន់​ផ្ទះ​ពួក​យើង​ ​ខ្លះ​ឆាន់​ ​ខ្លះ​កាន់​យក​បិណ្ឌបាត​ហើយ​ទៅ​។​ ​ទើប​ព្រាហ្មណ៍​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​មិន​សមនឹង​ឆាន់​ក្នុង​ផ្ទះ​យើង​ទាំងឡាយ​ហើយ​ ​ទៅ​ឆាន់​ក្នុង​ទី​ដទៃទៀត​សោះ​ ​ហាក់ដូចជា​ខ្ញុំ​មិន​អាច​ដើម្បី​ប្រគេន​លោក​ឆាន់​ឲ្យ​ឆ្អែត​បាន​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636786944056153621
ទៅកាន់ទំព័រ៖