ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៧
[១២៦] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ក្រុងរាជគ្រឹះលេងមហោស្រពលើកំពូលភ្នំ។ ពួកសត្តរសវគ្គិយភិក្ខុ ក៏បានទៅដើម្បីមើលមហោស្រពដែលគេលេងលើកំពូលភ្នំ(នោះ)។ មនុស្សទាំងឡាយបានឃើញពួកសត្តរសវគ្គិយភិក្ខុហើយ និមន្តឲ្យស្រង់ទឹក ឲ្យលាប ឲ្យឆាន់ស្រេចហើយ ក៏ប្រគេននូវខាទនីយ។ ពួកសត្តរសវគ្គិយភិក្ខុ កាន់យកខាទនីយទៅអារាម ហើយនិយាយពាក្យនេះប្រាប់ពួកឆព្វគ្គិយភិក្ខុថា ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយចូរទទួលយកខាទនីយទៅឆាន់ចុះ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះសួរថា ម្នាលអាវុសោទាំងឡាយ ពួកលោកបានខាទនីយមកពីណា។ ពួកសត្តរសវគ្គិយភិក្ខុបានប្រាប់រឿងនុ៎ះដល់ឆព្វគ្គិយភិក្ខុទាំងឡាយ។ ពួកឆព្វគ្គិយភិក្ខុសួរថា ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយបានឆាន់ភោជនក្នុងពេលដែលមិនគួរ មែនឬ។ ពួកសត្តរសវគ្គិយភិក្ខុឆ្លើយថា មែនអាវុសោទាំងឡាយ។ ពួកឆព្វគ្គិយភិក្ខុពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសត្តរសវគ្គិយភិក្ខុ មិនគួរនឹងឆាន់ភោជនក្នុងពេលវិកាល (ដូច្នេះ) សោះ។
ID: 636786948911401325
ទៅកាន់ទំព័រ៖