ព្រះត្រៃបិដក ភាគ ០៤

ពួក​ភិក្ខុ​ទាំងនោះ​ក៏​សួរ​ថា​ ​ម្នាល​អាវុសោ​ ​បើ​ដូច្នោះ​ ​មានតែ​លោក​ឆាន់​ភោជន​ដែល​ខ្លួន​ទុកដាក់​ឲ្យ​កន្លង​រាត្រី​ឬអ្វី​។​ ​ព្រះ​វេ​ឡ​ដ្ឋ​សីសៈ​ឆ្លើយ​ថា​ ​យ៉ាងហ្នឹងហើយ​ ​អាវុសោ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​វេ​ឡ​ដ្ឋ​សីសៈ​ដ៏​មាន​អាយុ​ ​មិនសមបើ​នឹង​ឆាន់​ភោជន​ដែល​ខ្លួន​ទុកដាក់​ឲ្យ​កន្លង​រាត្រី​ ​(​ដូច្នេះ​)​ទេ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​វេ​ឡ​ដ្ឋ​សីសៈ​ ​ឮ​ថា​អ្នកឯង​បាន​ឆាន់​ភោជន​ដែល​ខ្លួន​ទុកដាក់​ឲ្យ​កន្លង​រាត្រី​ ​ពិតមែន​ឬ​។​ ​ព្រះ​វេ​ឡ​ដ្ឋ​សីសៈ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​វេ​ឡ​ដ្ឋ​សីសៈ​ ​អ្នកឯង​មិនសមបើ​នឹង​ឆាន់​ភោជន​ដែល​ខ្លួន​ទុកដាក់​ឲ្យ​កន្លង​រាត្រី​ ​(​ដូច្នេះ​)​ទេ​ ​ម្នាល​វេ​ឡ​ដ្ឋ​សីសៈ​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​និង​មិនមែន​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​តទៅទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយ​ ​ឬ​ភោជនីយ​ជា​សន្និធិការកៈ​ ​គឺ​វត្ថុ​ដែល​ខ្លួន​ទុកដាក់​ឲ្យ​កន្លង​រាត្រី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636786950951788028
ទៅកាន់ទំព័រ៖