ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៩


 [​១៣៤​]​ ​កាលនោះ​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មក​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​។​ ​ពួក​មនុស្ស​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្រ​ ​មិន​សមនឹង​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ហើយ​ឆាន់​សោះ​ ​អ្នកណាមួយ​មិន​គាប់ចិត្ត​នឹង​ភោជន​ដែល​សម្បូរ​ ​អ្នកណាមួយ​មិន​ចូលចិត្ត​នឹង​ភោជន​ដែល​មាន​រស​ឆ្ងាញ់​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពួក​មនុស្ស​ទាំងនោះ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​សមនឹង​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មក​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​ដូច្នោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មក​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយក៏​នាំគ្នា​ឆាន់​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636786952504596844
ទៅកាន់ទំព័រ៖