ព្រះត្រៃបិដក ភាគ ០៤
[១៤៣] វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុក៏សំគាល់ថា មិនបានទទួលប្រគេន ហើយលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែទឹក និងឈើស្ទន់។ វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុសង្ស័យ ហើយលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែទឹក និងឈើស្ទន់។ វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុសំគាល់ថា បានទទួលប្រគេន ហើយលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែទឹក និងឈើស្ទន់។ វត្ថុដែលភិក្ខុបានទទួលប្រគេន ភិក្ខុសំគាល់ថា មិនទាន់បានទទួលប្រគេន ត្រូវអាបត្តិទុក្កដ។ វត្ថុដែលភិក្ខុទទួលប្រគេន ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ វត្ថុដែលភិក្ខុទទួលប្រគេនហើយ ភិក្ខុក៏សំគាល់ថា បានទទួលប្រគេនហើយ មិនត្រូវអាបត្តិឡើយ។
[១៤៤] អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ទឹក និងឈើស្ទន់ ដល់ភិក្ខុដែលកាន់យកថ្នាំមហាវិកត៤យ៉ាង
(១) ដោយខ្លួនឯង ហើយឆាន់ ព្រោះមានហេតុ ហើយគ្មានកប្បិយការក ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទទី១០ ចប់។
ភោជនវគ្គទី៤ ចប់។
(១) មហាវិកត៤គឺ មូត១ គូថ១ ផេះ១ ដី១។
ID: 636786956990643431
ទៅកាន់ទំព័រ៖