ព្រះត្រៃបិដក ភាគ ០៤
អចេលកវគ្គ សិក្ខាបទទី១
[១៤៥] កាលនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ គង់នៅកូដាគារសាលា ក្នុងព្រៃមហាវន ទៀបក្រុងវេសាលី។ សម័យនោះឯង របស់ដែលបុគ្គលគប្បីទំពាស៊ីកើតឡើងដល់សង្ឃ។ ព្រះអានន្ទដ៏មានអាយុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរឲ្យនំដល់ពួកមនុស្សអ្នកស៊ីដែលចុះ។ ព្រះអានន្ទដ៏មានអាយុទទួលព្រះពុទ្ធដីកាថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយៗ ក៏ឲ្យពួកមនុស្សដែលជាអ្នកស៊ីដែលអង្គុយជាជួរ ហើយក៏ឲ្យនំមួយៗ (ដល់មនុស្សដែលជាអ្នកស៊ីដែល) រួចឲ្យនំពីរទៅនាងបរិព្វាជិកាម្នាក់ ដោយសំគាល់ថាឲ្យនំមួយដូចគេទាំងពួងដែរ។ ពួកនាងបរិព្វាជិកា(ដែលនៅ)ជុំវិញ បាននិយាយពាក្យនេះនឹងនាងបរិព្វាជិកានោះថា សមណនោះជាសហាយរបស់នាងឬ។ នាងបរិព្វាជិកានោះឆ្លើយថា សមណនុ៎ះមិនមែនជាសហាយរបស់ខ្ញុំទេ គឺលោកសំគាល់ថាឲ្យនំមួយដល់ខ្ញុំ តែត្រឡប់ទៅជាឲ្យនំពីរមកវិញ។ វារៈជាគំរប់ពីរដង ព្រះអានន្ទដ៏មានអាយុឲ្យនំមួយៗ (ដល់មនុស្សដែលជាអ្នកស៊ីដែល) រួចឲ្យនំពីរទៅនាងបរិព្វាជិកាដដែលនោះ ដោយសំគាល់ថាឲ្យនំមួយដូចគេទាំងពួងដែរ ។
ID: 636786957784748851
ទៅកាន់ទំព័រ៖