ព្រះត្រៃបិដក ភាគ ០៤
ជាសក្យបុត្រដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់គង់សិន កុំអាលនិមន្តទៅ។ បុរសនោះ(បាននិយាយ)ជាគំរប់ពីរដង។បេ។ បុរសនោះបាននិយាយពាក្យនេះ នឹងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុជាគំរប់បីដងថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់និមន្តទៅវិញចុះ ព្រោះយើងខ្ញុំបានប្រគេនចង្ហាន់ដល់លោកម្ចាស់ហើយ។ ឯស្ត្រីនោះសោត ក៏និយាយពាក្យនេះនឹងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុជាគំរប់បីដងថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់គង់សិន កុំអាលនិមន្តទៅឡើយ។ ឯបុរសនោះ ក៏ដើរចេញអំពីផ្ទះទៅ ហើយពោលទោសនឹងភិក្ខុទាំងឡាយថា បពិត្រលោកទាំងឡាយដ៏ចំរើន លោកម្ចាស់ឧបនន្ទនេះទៅអង្គុយក្នុងផ្ទះសម្រាប់ដេកជាមួយនឹងប្រពន្ធរបស់ខ្ញុំ ព្រះឧបនន្ទនោះ កាលខ្ញុំបញ្ជូនឲ្យទៅវិញ ក៏មិនចង់ទៅ យើងខ្ញុំទាំងឡាយជាអ្នកមានកិច្ចច្រើន មានរវល់ច្រើន។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុអម្បាលនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ មិនសមបើនឹងហ៊ានចូលទៅអង្គុយនៅក្នុងត្រកូលដែលមានជនតែពីរនាក់ (គឺតែប្រុស និងស្រី) (ដូច្នោះ) សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងបានចូលទៅអង្គុយនៅក្នុងត្រកូលដែលមានជនតែពីរនាក់ ពិតមែនឬ។
ID: 636786962283966192
ទៅកាន់ទំព័រ៖