ព្រះត្រៃបិដក ភាគ ០៤

ព្រះ​ឧប​នន្ទ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ដំណើរ​នោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​មិនសមបើ​នឹង​ហ៊ាន​ចូល​ទៅ​អង្គុយ​នៅក្នុង​ត្រកូល​ដែល​មាន​ជន​តែ​ពីរ​នាក់​ ​(​ដូច្នោះ​)​ទេ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើដូច្នេះ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ចូល​ទៅ​សម្រេចការ​អង្គុយ​នៅក្នុង​ត្រកូល​ដែល​មាន​ជន​តែ​ពីរ​នាក់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១៥៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​ត្រកូល​ដែល​មាន​ជន​តែ​ពីរ​នាក់​ ​គឺ​មានតែ​ស្រី​និង​ប្រុស​ប៉ុណ្ណោះ​។​ ​ជន​ទាំងពីរ​នាក់​មិនទាន់​ចេញទៅ​ ​ហើយ​ជន​ទាំងពីរ​នាក់​នោះ​ ​ជា​មនុស្ស​មាន​រាគៈ​នៅឡើយ​។​ ​ពាក្យ​ថា​ ​ចូល​ទៅ​ ​គឺ​ដើរចូល​ទៅ​។​ ​ពាក្យ​ថា​ ​សម្រេចការ​អង្គុយ​ ​សេចក្តី​ថា​ ​ភិក្ខុ​លះ​ហត្ថបាស​នៃ​មេទ្វារ​ ​ឬ​ធរណី​ក្នុង​ផ្ទះ​ធំ​ ​ហើយ​អង្គុយ​នៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​(​បើ​)​ ​ក្នុង​ផ្ទះ​តូច​ ​ភិក្ខុ​ចូល​ហួស​មេដំបូល​(​១​)​ ​ទៅ​ ​ហើយ​អង្គុយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​អធិប្បាយ​ថា​ ​ភិក្ខុ​ចូល​ទៅ​ហួស​ពាក់កណ្តាល​ផ្ទះ​ ​គឺ​ហួស​មេដំបូល​ផ្ទះ​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636786962890250869
ទៅកាន់ទំព័រ៖