ព្រះត្រៃបិដក ភាគ ០៤
ឯសម័យក្នុងសិក្ខាបទនោះគឺ កាលដែលទាយកប្រគេនចីវរ នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៦៨] សម័យនោះឯង ភិក្ខុទាំងឡាយធ្វើចីវរកម្ម គឺការដេរចីវរ ក៏មានសេចក្តីត្រូវការដោយម្ជុលខ្លះ ដោយចេសខ្លះ ដោយកំាបិតខ្លះ។ ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យ មិនបានចូលទៅរកត្រកូលទាំងឡាយឡើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលទៅរកត្រកូលទាំងឡាយក្នុងសម័យធ្វើចីវរបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយបានទទួលនិមន្តគេ ជាអ្នកមានភត្តហើយ ដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ កាលដែលទាយកប្រគេនចីវរ១ កាលដែលភិក្ខុធ្វើចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
ID: 636786968772717327
ទៅកាន់ទំព័រ៖