ព្រះត្រៃបិដក ភាគ ០៤
ដោយបច្ច័យកំណត់ត្រឹម៤ខែ។ សម័យនោះឯង ភិក្ខុទាំងឡាយទៅសូមភេសជ្ជៈនឹងមហានាមសក្យៈតែបន្តិចៗ ភេសជ្ជៈរបស់មហានាមសក្យៈ ក៏ជារបស់នៅតែបរិបូណ៌ដដែល។ ឯមហានាមសក្យៈក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគជាគំរប់ពីរដងទៀត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះមហានាមសក្យៈអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន ខ្ញុំព្រះអង្គចង់បវារណាព្រះសង្ឃដោយភេសជ្ជៈកំណត់៤ខែតទៅទៀត។ ព្រះអង្គត្រាស់ថា មហានាម ការនេះប្រពៃហើយៗ មហានាម បើដូច្នោះ ចូរព្រះអង្គបវារណាសង្ឃ ដោយភេសជ្ជៈកំណត់៤ខែតទៅទៀតចុះ។ ពួកភិក្ខុមានសេចក្តីសង្ស័យ ក៏មិនហ៊ានទទួល។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរនឹងការបវារណាថែមម្តងទៀត។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយទៅសូមភេសជ្ជៈនឹងមហានាមសក្យៈតែបន្តិចៗ។ ដោយហេតុនោះឯង ភេសជ្ជៈរបស់មហានាមសក្យៈក៏នៅតែបរិបូណ៌ដដែល។ មហានាមសក្យៈក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគជាគំរប់បីដងទៀត
ID: 636786970983363769
ទៅកាន់ទំព័រ៖