ព្រះត្រៃបិដក ភាគ ០៤
មិនទាន់ហួសកំណត់ដែលគេបវារណាទេ ភិក្ខុសំគាល់ថា ហួសកំណត់ដែលគេបវារណាហើយ ត្រូវអាបត្តិទុក្កដ។ មិនទាន់ហួសកំណត់ដែលគេបវារណាទេ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនទាន់ហួសកំណត់ដែលគេបវារណាទេ ភិក្ខុសំគាល់ថា មិនទាន់ហួសកំណត់បវារណា មិនមានអាបត្តិ។
[១៧៩] អាបត្តិមិនមានដល់ភិក្ខុដែលគេបវារណាដោយភេសជ្ជៈទាំងឡាយណា ភិក្ខុសូមភេសជ្ជៈទាំងឡាយនោះ ដល់ភិក្ខុដែលគេបវារណាក្នុងរាត្រីទាំងឡាយណា ភិក្ខុសូមក្នុងរាត្រីទាំងឡាយនោះ ដល់ភិក្ខុដែលនិយាយប្រាប់គេថា យើងទាំងឡាយ គឺអ្នកបានបវារណាហើយ ដោយភេសជ្ជៈទាំងឡាយនេះ (ឥឡូវនេះ) យើងទាំងឡាយត្រូវការដោយភេសជ្ជៈនេះផង នេះផង ហើយសូម ដល់ភិក្ខុដែលនិយាយប្រាប់គេថា យើងទាំងឡាយគឺអ្នកបានបវារណាហើយក្នុងរាត្រីទាំងឡាយណា ឯរាត្រីទាំងឡាយនោះកន្លងហួសទៅហើយ (ឥឡូវនេះ) យើងទាំងឡាយត្រូវការដោយភេសជ្ជៈ ហើយសូម ដល់ភិក្ខុដែលសូមអំពីពួកញាតិ ដល់ភិក្ខុដែលសូមអំពីពួកទាយកដែលគេបានបវារណា ដល់ភិក្ខុដែលសូមដើម្បីជាប្រយោជន៍ដល់ភិក្ខុឯទៀត ដល់ភិក្ខុដែលបានមកដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី៧ ចប់។
ID: 636786973620634612
ទៅកាន់ទំព័រ៖