ព្រះត្រៃបិដក ភាគ ០៤

ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​មើល​កងទ័ព​ដែលគេ​លើក​ចេញទៅ​ទេ​ ​តែ​ឥឡូវ​ឪពុកធំ​អញ​នេះ​មាន​ជម្ងឺ​នៅក្នុង​កងទ័ព​ ​អញ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ម្ចាស់​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ដើម្បីឲ្យ​ទៅកាន់​កងទ័ព​បាន​ ​ព្រោះ​ហេតុ​មាន​សភាព​យ៉ាងនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ទៅ​ដើម្បី​មើល​កងទ័ព​ដែលគេ​លើក​ចេញទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មានហេតុ​មាន​សភាព​យ៉ាងនោះ​។​
 [​១៨២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​កងទ័ព​ដែលគេ​លើក​ចេញទៅ​ ​គឺ​កងទ័ព​លើក​ចេញពី​ស្រុក​ ​ទៅ​តាំង​សំចត​នៅ​ក្តី​ ​ចេញទៅ​ហើយ​ ​ចេះតែ​ដើរទៅ​ទៀត​ក្តី​។​ ​ដែល​ហៅថា​ ​កងទ័ព​ ​គឺ​ពលដំរី​ ​ពលសេះ​ ​ពល​រថ​ ​ពលថ្មើរជើង​។​ ​ពលដំរី​ ​(​មួយ​ៗ​)​ ​មាន​បុរស១២នាក់​។​ ​ពលសេះ​ ​(​មួយ​ៗ​)​មាន​បុរស​បី​នាក់​។​ ​ពល​រថ​ ​(​មួយ​ៗ​)​មាន​បុរស​បួន​នាក់​។​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636786974781000981
ទៅកាន់ទំព័រ៖