ព្រះត្រៃបិដក ភាគ ០៤
ដ៏មានអាយុកំពុងដើរទៅបិណ្ឌបាត ហើយបាននិយាយពាក្យនេះនឹងព្រះសាគតៈដ៏មានអាយុថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់សាគតៈនិមន្តឆាន់សុរាថ្លាឈ្មោះកាបោតិកាចុះ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់សាគតៈនិមន្តឆាន់សុរាថ្លាឈ្មោះកាបោតិកាចុះ។ លំដាប់នោះ ព្រះសាគតៈដ៏មានអាយុ លុះបានឆាន់សុរាថ្លាឈ្មោះកាបោតិកាគ្រប់ៗផ្ទះហើយចេញចាកនគរទៅ ក៏ដួលដេកទៀបទ្វារនគរ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលចេញចាកនគរជាមួយនឹងពួកភិក្ខុជាច្រើនអង្គ បានទតឃើញព្រះសាគតៈដ៏មានអាយុដួលដេកនៅទៀបទ្វារនគរ លុះទ្រង់ឃើញហើយក៏ត្រាស់បង្គាប់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកឯងចូរគ្រាហ៍សាគតភិក្ខុឡើង។ ភិក្ខុទាំងនោះក៏ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយៗ ក៏គ្រាហ៍ព្រះសាគតៈដ៏មានអាយុទៅកាន់អារាម ហើយផ្តេកបែរក្បាលទៅរកព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះសាគតៈដ៏មានអាយុប្រែត្រឡប់ដេកដាក់ជើងទៅរកព្រះដ៏មានព្រះភាគវិញ។ លំដាប់នោះ ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពីដើមមក សាគតភិក្ខុមានសេចក្តីគោរពកោតក្រែងដល់តថាគតមែនឬទេ។ ពួកភិក្ខុក្រាបទូលថា
ID: 636787551827236138
ទៅកាន់ទំព័រ៖