ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៣
[២០៤] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុលេងទឹកក្នុងស្ទឹងឈ្មោះអចិរវតី។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់គង់នៅលើប្រាសាទដ៏ប្រសើរ ជាមួយនឹងព្រះទេពីព្រះនាមមល្លិកា។ ព្រះបាទបសេនទិកោសលទ្រង់ទតឃើញពួកសត្តរសវគ្គិយភិក្ខុកំពុងលេងទឹក ក្នុងស្ទឹងអចិរវតី លុះទ្រង់ឃើញហើយក៏មានព្រះបន្ទូលនឹងនាងមល្លិកាទេវីយ៉ាងនេះថា នែនាងមល្លិកា ព្រះអរហន្តទាំងនេះលេងទឹកទេតើ។ នាងមល្លិកាទេវីក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គកុំសង្ស័យ ព្រះដ៏មានព្រះភាគមិនទាន់បញ្ញត្តសិក្ខាបទទេ ពុំនោះសោត ភិក្ខុទាំងនោះជាអ្នកមិនដឹងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តរួចហើយ។ លំដាប់នោះ ព្រះបាទបសេនទិកោសលទ្រង់ត្រិះរិះយ៉ាងនេះថា ដោយឧបាយដូចម្តេចហ្ន៎ ដែលអញមិនបាច់ក្រាបទូលព្រះដ៏មានព្រះភាគផង ទាំងព្រះដ៏មានព្រះភាគ ក៏ទ្រង់ជ្រាបថា ភិក្ខុទាំងនេះលេងទឹកផង។ កាលនោះ ព្រះបាទបសេនទិកោសល ទ្រង់ឲ្យនិមន្តពួកសត្តរសវគ្គិយភិក្ខុមក
ID: 636787555513987008
ទៅកាន់ទំព័រ៖