ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៤
[២១០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ឆន្នដ៏មានអាយុតែងតែប្រព្រឹត្តអនាចារ។ ភិក្ខុទាំងឡាយក៏និយាយយ៉ាងនេះថា ម្នាលឆន្នដ៏មានអាយុ លោកកុំធ្វើអំពើមានសភាពដូច្នេះឡើយ អំពើនេះមិនសមគួរទេ។ ឆន្នភិក្ខុនោះអាស្រ័យនូវសេចក្តីមិនអើពើ ហើយចេះតែធ្វើ(កម្មនោះ)ដដែល។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នដ៏មានអាយុ មិនគួរនឹងធ្វើនូវសេចក្តីមិនអើពើសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែឆន្ន ឮថាអ្នកឯងធ្វើនូវសេចក្តីមិនអើពើ ពិតមែនឬ។ ឆន្នភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងធ្វើនូវសេចក្តីមិនអើពើទេ ម្នាលមោឃបុរស អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុមិនអើពើ ត្រូវអាបត្តិបាចិត្តិយ។
ID: 636787556948789074
ទៅកាន់ទំព័រ៖