ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៥
[២១៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើសត្តរសវគ្គិយភិក្ខុឲ្យខ្លាច។ ពួកសត្តរសវគ្គិយភិក្ខុទាំងនោះ កាលបើគេធ្វើឲ្យខ្លាច ក៏ស្រែកយំ។ ភិក្ខុទាំងឡាយបានសួរយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាអ្នកទាំងឡាយស្រែកយំ។ ពួកសត្តរសវគ្គិយភិក្ខុប្រាប់ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុទាំងនេះធ្វើយើងរាល់គ្នាឲ្យខ្លាច។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងធ្វើភិក្ខុផងគ្នាឲ្យខ្លាចសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នករាល់គ្នាធ្វើភិក្ខុផងគ្នាឲ្យខ្លាច ពិតមែនឬ។ ឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នករាល់គ្នាមិនគួរនឹងបន្លាចភិក្ខុផងគ្នាទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយធ្វើភិក្ខុផងគ្នាឲ្យខ្លាច ត្រូវអាបត្តិបាចិត្តិយ។
ID: 636787558456235295
ទៅកាន់ទំព័រ៖