ព្រះត្រៃបិដក ភាគ ០៤
[២២៤] សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យក្នុងការអុជប្រទីបខ្លះ បង្កាត់ភ្លើងដុតបាត្រជាដើមខ្លះ រោងភ្លើងខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានហេតុយ៉ាងនោះ តថាគតអនុញ្ញាតឲ្យភិក្ខុបង្កាត់ភ្លើងខ្លួនឯង ឬប្រើគេឲ្យបង្កាត់បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនមានជម្ងឺ មានបំណងនឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុ មានសភាពយ៉ាងនោះ។
[២២៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិក។ ភិក្ខុណាវៀរចាកភ្លើង ហើយសប្បាយ ភិក្ខុនោះហៅថា ជាអ្នកមិនមានជម្ងឺ។ ភិក្ខុណាវៀវចាកភ្លើង ហើយមិនសប្បាយ ភិក្ខុនោះហៅថា អ្នកមានជម្ងឺ។ ពាក្យថាមានបំណងនឹងអាំងភ្លើង គឺចង់កំដៅកាយ។ ដែលហៅថាភ្លើង គឺភ្លើងធម្មតានោះឯង។ ពាក្យថា បង្កាត់ខ្លួនឯង គឺភិក្ខុបង្កាត់ខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើឲ្យគេបង្កាត់ គឺភិក្ខុបង្គាប់អ្នកដទៃ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់តែម្តង អ្នកទទួលបង្គាប់ទៅបង្កាត់ភ្លើងច្រើនដង (ភិក្ខុអ្នកបង្គាប់) ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា វៀរលែងតែមានហេតុ មានសភាពយ៉ាងនោះ គឺលើកទុកចំពោះហេតុមានសភាពយ៉ាងនោះ។
ID: 636787560325562215
ទៅកាន់ទំព័រ៖