ព្រះត្រៃបិដក ភាគ ០៤
[២៣០] សម័យនោះឯង ភិក្ខុមានជម្ងឺជាច្រើនអង្គ។ ឯពួកភិក្ខុជាអ្នកសួរជម្ងឺបាននិយាយពាក្យនេះនឹងភិក្ខុដែលមានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មមអត់ធន់បានឬទេ ល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានឬទេ។ ពួកភិក្ខុមានជម្ងឺប្រាប់ថា ម្នាលអាវុសោ ពីដើម យើងទាំងឡាយមិនទាន់ដល់កំណត់កន្លះខែ ក៏តែងតែងូតទឹក ព្រោះហេតុនោះ ទើបពួកយើងមានសេចក្តីសប្បាយ តែឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ហេតុនេះយើងទាំងឡាយមានសេចក្តីសង្ស័យ មិនហ៊ានងូតទឹកឡើយ បានជាយើងមិនបានសេចក្តីសប្បាយដោយហេតុនោះឯង។ ទើបភិក្ខុទាំងឡាយនាំសេចក្តីនុ៎ះក្រាបទូលចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជម្ងឺ ទុកជាមិនទាន់ដល់កន្លះខែ តថាគតអនុញ្ញាតឲ្យងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ មួយខែកន្លះដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា២ខែកន្លះ ហៅថាសម័យក្តៅ
ID: 636787562508437068
ទៅកាន់ទំព័រ៖