ព្រះត្រៃបិដក ភាគ ០៤

ពាក្យ​ថា​ ​ងូតទឹក​ ​គឺ​ភិក្ខុ​កំពុង​ងូតទឹក​ដុស​ដោយ​ផង់​លំអិត​ក្តី​ ​ដោយ​ដីស្អិត​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​គ្រប់​ប្រយោគ​។​ ​លុះ​ងូត​រួចស្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​មាន​សម័យ​ ​គឺ​លើកលែង​ចំពោះ​សម័យ​ដែល​គួរ​។​ ​មួយ​ខែ​កន្លះ​ដ៏​សេស​ ​(​ខាងចុង​)​នៃ​គិម្ហរដូវ​ ​ហៅថា​ ​សម័យ​ក្តៅ​។​ ​មួយ​ខែ​ខាងដើម​នៃ​វស្សានរដូវ​ ​ហៅថា​ ​សម័យ​ស្អុះស្អាប់​។​ ​រួម​ខែ​ទាំងនេះ​ ​ត្រូវជា​ពីរ​ខែ​កន្លះ​ ​ហៅថា​ ​សម័យ​ក្តៅ​ ​សម័យ​ស្អុះស្អាប់​ ​ភិក្ខុ​ដឹង​ដូច្នេះហើយ​ ​គប្បី​ងូតទឹក​ចុះ​។​ ​ភិក្ខុ​ណា​វៀរចាក​ការ​ងូតទឹក​មាន​សេចក្តី​មិន​សប្បាយ​ ​ភិក្ខុ​នោះ​ហៅថា​មាន​សម័យ​មាន​ជម្ងឺ​ ​ឬថា​មាន​សម័យ​ឈឺថ្កាត់​។​ ​ភិក្ខុ​ដឹងខ្លួន​ថា​ ​មាន​សម័យ​ឈឺថ្កាត់​ហើយ​ ​គប្បី​ងូតទឹក​ចុះ​។​ ​ការងារ​ដោយហោចទៅ​ ​សូម្បីតែ​បោសច្រាស​សំអាត​បរិវេណ​ ​ក៏​ហៅថា​សម័យ​ធ្វើការងារ​។​ ​ភិក្ខុ​ដឹងខ្លួន​ថា​ ​សម័យ​ធ្វើការងារ​ហើយ​ ​គប្បី​ងូតទឹក​ចុះ​។​ ​ដែល​ហៅថា​ ​សម័យ​ដើរ​ផ្លូវ​ឆ្ងាយ​ ​គឺ​ភិក្ខុ​គិតថា​ ​អញ​នឹង​ដើរ​ផ្លូវ​ប្រមាណ​កន្លះ​យោជន៍​ ​ហើយ​គប្បី​ងូតទឹក​បាន​ ​ភិក្ខុ​អ្នកដំណើរ​គប្បី​ងូតទឹក​បាន​ ​ភិក្ខុ​ដើរទៅ​ហើយ​ ​គប្បី​ងូតទឹក​បាន​។​ ​ដែល​ហៅថា​ ​សម័យ​ខ្យល់​និង​ភ្លៀង​ ​គឺ​ពួក​ភិក្ខុ​ត្រូវ​ខ្យល់​ប្រកបដោយ​ធូលី​ហើយ​ ​មាន​ដំណក់ទឹក​ពីរ​ដំណក់​ក្តី​ ​បី​ដំណក់​ក្តី​ ​ធ្លាក់​ត្រូវ​កាយ​។​ ​ភិក្ខុ​ដឹង​ថា​ ​មាន​សម័យ​ខ្យល់​និង​ភ្លៀង​ ​គប្បី​ងូតទឹក​បាន​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636787564340661865
ទៅកាន់ទំព័រ៖