ព្រះត្រៃបិដក ភាគ ០៤

មិន​សម្បី​បើ​អ្នកឯង​រាល់គ្នា​មក​លាក់​ទុក​នូវ​បាត្រ​ខ្លះ​ ​ចីវរ​ខ្លះ​របស់​ភិក្ខុ​ផងគ្នា​សោះ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​ពួក​អ្នកឯង​រាល់គ្នា​ធ្វើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​លាក់​ទុក​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​លាក់​ទុក​នូវ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​និសីទនៈ​ក្តី​ ​បំពង់ម្ជុល​ក្តី​ ​វត្ថពន្ធ​ចង្កេះ​ក្តី​ ​របស់​ភិក្ខុ​ផងគ្នា​ ​ដោយហោចទៅ​សូម្បី​គ្រាន់តែ​មានបំណង​នឹង​សើច​លេង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២៤៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​បឋម​បារាជិក​សិក្ខាបទ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ផងគ្នា​ ​គឺ​ភិក្ខុ​ឯទៀត​។​ ​ដែល​ហៅថា​បាត្រ​ ​គឺ​បាត្រ​មាន​ពីរ​យ៉ាង​ ​បាន​ដល់​បាត្រដែក១​ ​បាត្រដី១​។​ ​ដែល​ហៅថា​ចីវរ​ ​គឺ​បណ្តា​ចីវរ​ទាំង៦​ ​ចីវរ​ណាមួយ​ ​យ៉ាង​តូចបំផុត​ល្មម​វិកប្ប​បាន​។​ ​ដែល​ហៅថា​ ​និសីទនៈ​ ​សំដៅយក​និសីទនៈ​ដែល​មាន​ជាយ​។​ ​ដែល​ហៅថា​ ​បំពង់ម្ជុល​ ​គឺ​បំពង់ម្ជុល​ដែល​មាន​ម្ជុល​ក្តី​ ​ឥត​ម្ជុល​ក្តី​។​ ​ដែល​ហៅថា​ ​វត្ត​ពន្ធ​ចង្កេះ​ ​គឺ​វត្ត​ពន្ធ​ចង្កេះ​មាន​ពីរ​យ៉ាង​ ​បាន​ដល់​វត្ថពន្ធ​ចង្កេះ​ឈ្មោះ​បដ្តិ​កៈ​ ​(​ចំ​រៀ​ក​សម្ព​ត់​)​១​ ​វត្ថពន្ធ​ឈ្មោះ​សូករន្តកៈ​ ​(​គឺ​វត្ថពន្ធ​មាន​សណ្ឋាន​ដូច​ពោះវៀន​ជ្រូក​)​១​។​ ​ពាក្យ​ថា​លាក់​ទុក​ឯង​ ​គឺ​ភិក្ខុ​លាក់​ទុក​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636787569527008507
ទៅកាន់ទំព័រ៖