ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី២
[២៥៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថាទឹកមានសត្វហើយ យកទៅប្រើប្រាស់។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹងថាទឹកមានសត្វហើយ មិនគួរនឹងយកទៅប្រើប្រាស់សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយដឹងថាទឹកមានសត្វហើយ យកទៅប្រើប្រាស់ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងដឹងថាទឹកមានសត្វហើយ មិនគួរនឹងយកទៅប្រើប្រាស់ទេ នែមោឃបុរសទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដឹងហើយ បរិភោគទឹកដែលមានសត្វមានជីវិត (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
ID: 636787572733841928
ទៅកាន់ទំព័រ៖