ព្រះត្រៃបិដក ភាគ ០៤
ធ្វើយ៉ាងហ្នឹងឬ។ ភិក្ខុដែលនៅបរិវាសតបថា យ៉ាងហ្នឹងហើយ អាវុសោ។ ភិក្ខុនោះនិយាយថា នែអាវុសោ លោកឧបនន្ទសក្យបុត្រដ៏មានអាយុនេះ ត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកឧបនន្ទនោះបានប្រាប់ខ្ញុំថា នែអាវុសោ ខ្ញុំត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកកុំប្រាប់ដល់អ្នកណាឡើយ។ ភិក្ខុដែលនៅបរិវាសនោះនិយាយថា នែអាវុសោ អ្នកបិទបាំងអាបត្តិនោះឬអ្វី។ ភិក្ខុនោះប្រាប់ថា យ៉ាងហ្នឹងហើយ អាវុសោ។ លំដាប់នោះឯង ភិក្ខុនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុកាលដឹងហើយ មិនគួរនឹងបិទបាំងអាបត្តិអាក្រក់របស់ភិក្ខុផងគ្នាសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថា អ្នកឯងកាលដឹងហើយ បិទបាំងអាបត្តិអាក្រក់របស់ភិក្ខុផងគ្នា ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងកាលបើដឹងហើយ មិនគួរនឹងបិទបាំងអាបត្តិអាក្រក់របស់ភិក្ខុផងគ្នាទេ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ
ID: 636787576185849371
ទៅកាន់ទំព័រ៖