ព្រះត្រៃបិដក ភាគ ០៤
ឲ្យកន្លងអស់១ថ្ងៃ ហើយក៏បញ្ជូនភិក្ខុនីទាំងនោះឲ្យត្រឡប់ទៅវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនសមបើនឹងធ្វើធម្មីកថាដល់ភិក្ខុនីទាំងឡាយតិចពេក ពោលតែតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ ហើយបញ្ជូនភិក្ខុនីទាំងឡាយឲ្យត្រឡប់ទៅវិញសោះ នែមោឃបុរសទាំងឡាយ អំពើដែលអ្នករាល់គ្នាធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬមួយនាំបុគ្គលអ្នកដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាមិនបាន។បេ។ លុះព្រះដ៏មានព្រះភាគទ្រង់តិះដៀលហើយ ក៏ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតភិក្ខុឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនីយ៉ាងនេះ សង្ឃត្រូវអារាធនាភិក្ខុ (នោះ) ជាមុនសិន។ លុះអារាធនារួចហើយ ភិក្ខុអ្នកឈ្លាសអង់អាច គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មនេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ នេះជាវាចាប្រកាសសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ
ID: 636786884902180207
ទៅកាន់ទំព័រ៖