ព្រះត្រៃបិដក ភាគ ០៤
មានវស្សាគ្រប់២០ ទើបទ្រាំត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូស ខ្យល់កំដៅថ្ងៃ សត្វទីឃជាតិទាំងឡាយ នឹងគន្លងពាក្យដែលបុគ្គលពោលអាក្រក់មានមក នឹងគន្លងពាក្យអាក្រក់ដែលបុគ្គលនាំមកប្រាប់ នឹងទុក្ខវេទនាប្រជុំក្នុងសរីរៈដ៏ក្លៀវក្លារឹងអាក្រក់ មិនស្រួល មិនជាទីគាប់ចិត្ត ជាទីនាំបង់នូវជីវិតដែលកើតឡើងហើយ ចាត់ជាអ្នកមានជាតិអត់ទ្រាំបាន ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ កាលដឹងហើយ ឲ្យឧបសម្បទាដល់បុគ្គលដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំ
(១) បុគ្គលដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំនោះ ក៏នៅជាអនុបសម្បន្នដដែល ចំណែកភិក្ខុទាំងឡាយនោះ អ្នកប្រាជ្ញគប្បីតិះដៀល នេះជាអាបត្តិបាចិត្តិយ ក្នុងរឿងនោះ។
(១) គឺរាប់ឆ្នាំបានគ្រប់២០ហើយ តែនៅខ្វះខែ និងថ្ងៃ ដូចមនុស្សណាមួយ កាលនៅក្នុងផ្ទៃមាតាបានតែ៧ខែ កាលដែលសម្រាល ៗនៅថ្ងៃ១៥កើតខែពិសាខ ឆ្នាំជូត លុះដល់មកថ្ងៃ១៥កើត ខែពិសាខ ឆ្នាំមមែ បាន២០ឆ្នាំខ្វះ៣ខែ លុះតែបង្អង់ឲ្យហួសដល់ថ្ងៃ១៥កើត ខែស្រាពណ៌ ឆ្នាំមមែ ហើយរាប់យក៧ខែ ក្នុងផ្ទៃនិងអធិកមាស២ខែ មកផ្សំផង ទើបបានគ្រប់២០ឆ្នាំគត់ ។
ID: 636787592200345348
ទៅកាន់ទំព័រ៖