ព្រះត្រៃបិដក ភាគ ០៤
មួយអន្លើដោយពួកឈ្មួញគេចវាងឲ្យរួចពន្ធសោះ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា នែភិក្ខុ ឮថា អ្នកដឹងហើយ បបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយពួកឈ្មួញដែលគេចវាងឲ្យរួចពន្ធ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកដឹងហើយ មិនគួរនឹងបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយពួកឈ្មួញដែលគេចវាងឲ្យរួចពន្ធទេ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដឹងហើយ បបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយពួកឈ្មួញជាចោរ ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។
[២៧៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃប្រាប់ភិក្ខុនោះក្តី ពួកឈ្មួញនោះប្រាប់ក្តី។ ដែលហៅថាពួកឈ្មួញជាចោរ គឺពួកចោរដែលធ្វើការ (លួច) ហើយក្តី មិនបានធ្វើការ(លួច)ហើយក្តី ដល់នូវកិរិយាលួច(របស់)ស្តេចក្តី
ID: 636787593954395674
ទៅកាន់ទំព័រ៖