ព្រះត្រៃបិដក ភាគ ០៤
សំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយដល់អ្នកសេពមែន។ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅភិក្ខុមានទិដ្ឋិអាក្រក់នោះអស់វារៈពីរដងផង ត្រូវនិយាយប្រដៅអស់វារៈបីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។
[២៨៣] ភិក្ខុនោះត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយត្រូវសូត្រសមនុភាសនកម្ម (ដល់ភិក្ខុមានទិដ្ឋិអាក្រក់) យ៉ាងនេះ។ ភិក្ខុដែលឈ្លាស អង់អាច ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើង (ដូច្នេះ)ថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ។ ភិក្ខុនោះ មិនលះបង់ទិដ្ឋិនោះ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់ទិដ្ឋិនោះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ
ID: 636787599752937331
ទៅកាន់ទំព័រ៖