ព្រះត្រៃបិដក ភាគ ០៤
អ្នកឯងមានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើង(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់នូវធម៌ ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ ពិតមែនឬ។ កណ្ឌកៈសមណុទ្ទេសឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាដឹងច្បាស់នូវធម៌ ដែលព្រះដ៏មានព្រះភាគសំដែងយ៉ាងនេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព ពិតមែន។ ភិក្ខុទាំងឡាយនិយាយថា នែអាវុសោកណ្ឌកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រះដ៏មានព្រះភាគមិនបានត្រាស់ថាយ៉ាងនេះទេ នែអាវុសោកណ្ឌកៈ ធម៌ទាំងឡាយធ្វើសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពមែន ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរាងឆ្អឹង។បេ។
ID: 636787605033359354
ទៅកាន់ទំព័រ៖