ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៥
[៣១៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុក្រោធខឹង ហើយងាលំពែង គឺបាតដៃឡើងសំដៅពួកសត្តរសវគ្គិយភិក្ខុ (ធ្វើអាការបីដូចជានឹងវាយ) សត្តរសវគ្គិយភិក្ខុទាំងនោះទើបតែនឹងរួចអំពីប្រហារមកហើយ (មានសេចក្តីភិតភ័យ) ក៏នាំគ្នាយំ។ ភិក្ខុទាំងឡាយបានសួរយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាពួកអ្នកយំ។ ពួកសត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុទាំងនេះក្រោធខឹង ហើយងាបាតដៃឡើងដូចជាលំពែងសំដៅពួកយើង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរក្រោធខឹង ហើយងាបាតដៃឡើងដូចជាលំពែងសំដៅភិក្ខុផងគ្នាសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយក្រោធខឹង ហើយងាបាតដៃឡើងដូចជាលំពែងសំដៅភិក្ខុទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងក្រោធខឹង ហើយងាបាតដៃឡើងដូចជាលំពែងសំដៅភិក្ខុទាំងឡាយទេ
ID: 636787624713725007
ទៅកាន់ទំព័រ៖