ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៦
[៣២១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នាកំចាត់ (គឺចោទ) ភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូល។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងចោទភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូលសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយចោទភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូល ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងចោទភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូលទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ
ID: 636787625868211040
ទៅកាន់ទំព័រ៖