ព្រះត្រៃបិដក ភាគ ០៤
ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ កាលភិក្ខុទាំងឡាយបង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា ពួកអ្នកឯងមិនគួរនឹងឈរអែបស្តាប់ទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយកាលបើភិក្ខុទាំងឡាយ បង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា ទៅឈរអែបស្តាប់ ដោយគិតថា ភិក្ខុទាំងនេះនឹងពោលពាក្យណា អញនឹងស្តាប់ពាក្យនោះ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើកិរិយាឈរអែបស្តាប់នោះជាហេតុពិត មិនមែនហេតុដទៃឡើយ។
[៣៣០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា កាលបើភិក្ខុទាំងឡាយ គឺកាលបើភិក្ខុទាំងឡាយដទៃ។ ពាក្យថា បង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា គឺភិក្ខុទាំងនោះមានអធិករណៈកើតឡើងហើយ។ ពាក្យថា ឈរអែបស្តាប់ គឺភិក្ខុដើរទៅដោយគិតថា អញស្តាប់ភិក្ខុទាំងនេះហើយ នឹងចោទ នឹងឲ្យរលឹក នឹងចោទចំពោះ នឹងឲ្យរលឹកចំពោះ នឹងធ្វើឲ្យអៀនខ្មាស
ID: 636787631712655323
ទៅកាន់ទំព័រ៖