ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី១០
[៣៣៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង សង្ឃបានប្រជុំគ្នាដោយសង្ឃកិច្ចឯណានីមួយ។ ពួកឆព្វគ្គិយភិក្ខុកំពុងធ្វើចីវរ ហើយបានឲ្យឆន្ទៈដល់ភិក្ខុមួយរូប។ គ្រានោះឯង សង្ឃប្រជុំគ្នាដើម្បីប្រយោជន៍ដល់កម្មណា ហើយតាំងញត្តិឡើងដោយប្រឹក្សាគ្នាថា យើងទាំងឡាយនឹងធ្វើនូវកម្មនោះ។ ខណៈនោះ ភិក្ខុនោះបាននិយាយថា ភិក្ខុទាំងនេះតែងធ្វើកម្មដល់ភិក្ខុមួយរូបៗ យ៉ាងនេះឯង (ឥឡូវ) លោកទាំងឡាយនឹងធ្វើកម្មដល់អ្នកណាបាន ហើយមិនឲ្យឆន្ទៈ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលសង្ឃកំពុងប្រឹក្សាវិនិច្ឆ័យ ភិក្ខុមិនបានឲ្យឆន្ទៈ មិនគួរនឹងក្រោកចាកអាសនៈ ចៀសចេញទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថា កាលសង្ឃកំពុងប្រឹក្សាវិនិច្ឆ័យ (គឺសង្ឃកំពុងវិនិច្ឆ័យរឿងអ្វីមួយមិនទាន់ហើយ) អ្នកឯងមិនបានឲ្យឆន្ទៈ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។
ID: 636787634071500241
ទៅកាន់ទំព័រ៖