ព្រះត្រៃបិដក ភាគ ០៤
ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស កាលសង្ឃកំពុងប្រឹក្សាវិនិច្ឆ័យ ហេតុអ្វីក៏អ្នកឯងមិនឲ្យឆន្ទៈ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ កាលពាក្យវិនិច្ឆ័យកំពុងប្រព្រឹត្តទៅក្នុងសង្ឃ មិនឲ្យឆន្ទៈ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។
[៣៣៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ រឿងដែលសង្ឃប្រាប់ហើយ តែមិនទាន់បានវិនិច្ឆ័យក្តី ញត្តិសង្ឃតាំងទុកហើយក្តី កម្មវាចាសង្ឃធ្វើមិនទាន់ហើយក្តី ឈ្មោះថាពាក្យវិនិច្ឆ័យ (កំពុងប្រព្រឹត្តទៅ)ក្នុងសង្ឃ។ ពាក្យថា ភិក្ខុមិនឲ្យឆន្ទៈ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ សេចក្តីថា ភិក្ខុចេញទៅដោយគិតថា មិនដឹងជាការអ្វី កម្មនេះជាកម្មកំរើកទេ ជាពួកទេ សង្ឃមិនត្រូវធ្វើទេ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុកំពុងលះហត្ថបាសបរិសទ្យ ត្រូវអាបត្តិទុក្កដ។ កាលលះហត្ថបាសហើយ ត្រូវអាបត្តិបាចិត្តិយ។
ID: 636787634457532321
ទៅកាន់ទំព័រ៖