ព្រះត្រៃបិដក ភាគ ០៤

ជិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទើប​ព្រះបាទ​បសេនទិកោសល​ទ្រង់ទត​ឃើញ​ឧបាសក​នោះ​កំពុង​អង្គុយ​គាល់​ជិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ទត​ច្បាស់​ហើយ​ ​ទ្រង់​មាន​សេចក្តី​ភិតភ័យ​ ​ហើយក៏​ទ្រង់​ឋិតនៅ​ ​(​បង្អង់​ឈរ​សិន​)​។​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បុរស​នេះ​មិនមែន​ជា​មនុស្ស​អាក្រក់​ទេ​ ​បាន​ជា​អង្គុយ​គាល់​ជិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ឯ​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដែរ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ចំណែក​ឧបាសក​នោះ​មិនបាន​ថ្វាយបង្គំ​ ​មិន​ក្រោក​ទទួល​ព្រះបាទ​បសេនទិកោសល​ឡើយ​ ​ព្រោះ​គោរព​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​តូច​ព្រះទ័យ​ថា​ ​បុរស​នេះ​ ​កាលបើ​អញ​មក​ហើយ​ ​មិន​គួរ​នឹង​មិន​ថ្វាយបង្គំ​ ​មិន​ក្រោក​ទទួល​(​អញ​)​សោះ​។​ ​ខណៈនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ជ្រាប​ថា​ ​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​មាន​ព្រះទ័យ​អាក់អន់​ហើយ​ ​ទើប​ទ្រង់​ត្រាស់​នឹង​ព្រះបាទ​បសេនទិកោសល​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​ឧបាសក​នេះឯង​ជា​ពហុស្សូត​ ​ជា​អ្នក​ស្ទាត់​ក្នុង​បិដក​ ​មាន​រាគៈ​ក្នុង​កាម​ទាំងឡាយ​ទៅ​ប្រាស​អស់ហើយ​។​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឧបាសក​នេះ​មិនមែន​ជា​មនុស្ស​ថោកទាប​ទេ​ ​សូម្បី​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​សរសើរ​គេ​ដែរ​។​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636787642712794495
ទៅកាន់ទំព័រ៖