ព្រះត្រៃបិដក ភាគ ០៤
ព្រះបាទបសេនទិកោសល ទ្រង់មានព្រះឱង្ការចំពោះនឹងឧបាសកនោះយ៉ាងនេះថា ម្នាលឧបាសក អ្នកត្រូវការដោយរបស់ណា គប្បីប្រាប់ដល់យើងចុះ។ ឧបាសកនោះទូលថា បពិត្រព្រះសម្មតិទេព ប្រពៃហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ស្តេចបសេនទិកោសល ឲ្យឃើញ ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយដោយធម្មីកថា។ ព្រះបាទបសេនទិកោសល លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយដោយធម្មីកថាហើយ ស្តេចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយទ្រង់ធ្វើប្រទក្សិណចៀសចេញទៅ។
[៣៥០] គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចគង់ក្នុងថ្នាក់ខាងលើនៃប្រាសាទដ៏ប្រសើរ។ ព្រះបាទបសេនទិកោសលបានទតឃើញឧបាសកនោះដើរបាំងឆត្រទៅតាមថ្នល់ លុះទតឃើញហើយ ទ្រង់ឲ្យហៅមក ហើយមានព្រះឱង្ការយ៉ាងនេះថា ម្នាលឧបាសក ឮថាអ្នកឯងជាពហុស្សូត ស្ទាត់ក្នុងបិដក ម្នាលឧបាសក ល្អហើយ អ្នកចូរបង្ហាញធម៌ក្នុងផ្ទះនៃពួកស្រីរបស់យើងផង។ ឧបាសកនោះទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គដឹងធម៌ណា ព្រោះហេតុតែលោកម្ចាស់ទាំងឡាយ លោកម្ចាស់ទាំងឡាយគង់នឹងបង្ហាញធម៌នោះក្នុងផ្ទះនៃពួកស្រី (គឺពួកព្រះស្នំ) របស់ព្រះអង្គបាន។ លំដាប់នោះ ព្រះបាទបសេនទិកោសល
ID: 636787643044523469
ទៅកាន់ទំព័រ៖