ព្រះត្រៃបិដក ភាគ ០៤
ម្នាលអានន្ទ អំពើនេះមិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថាត្រាស់ហៅភិក្ខុទាំងឡាយមក ដោយព្រះពុទ្ធដីកាថា។
[៣៥១] ម្នាលភិក្ខុទាំងឡាយ ទោសទាំង១០យ៉ាងនេះរមែងមានក្នុងកិរិយាចូលទៅខាងក្នុងបុរីរបស់ស្តេច។ ទោសទាំង១០យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុងលោកនេះ ទ្រង់ប្រថាប់លើក្រឡាព្រះបន្ទំជាមួយមហេសី។ ភិក្ខុចូលទៅក្នុងទីនោះ។ មហេសីបានឃើញភិក្ខុ រមែងធ្វើកិរិយាញញឹមឲ្យប្រាកដខ្លះ ភិក្ខុឃើញមហេសី រមែងធ្វើកិរិយាញញឹមឲ្យប្រាកដខ្លះ។ ស្តេចរមែងរង្កៀសក្នុងរឿងនោះយ៉ាងនេះថា ការមិនគួរអ្នកទាំងពីរនាក់នេះបានធ្វើហើយ ឬថាអ្នកទាំងពីរនេះនឹងធ្វើនូវការមិនគួរ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសក្នុងកិរិយាចូលទៅខាងក្នុងបុរីនៃស្តេចជាបឋម។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត ស្តេចជាបុគ្គលមានកិច្ចច្រើន មានការងារគួរធ្វើច្រើន ទ្រង់យាងទៅប្រោសស្រីដទៃហើយក៏ភ្លេច។ ឯស្រីនោះ ក៏មានគភ៌ដោយស្តេចនោះ។ ស្តេចរមែងរង្កៀសក្នុងរឿងនោះយ៉ាងនេះថា ជននីមួយដទៃចូលទៅក្នុងទីនេះមិនបានទេ វៀរមួយតែបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។
ID: 636787644021659358
ទៅកាន់ទំព័រ៖