ព្រះត្រៃបិដក ភាគ ០៤
ព្រះភាគវិញ ហើយក៏ដោះនូវគ្រឿងអាភរណៈចងជាបង្វិចដោយសំពត់បង្ក ហើយបានហុចឲ្យទៅទាសីថា ហ៏ហង ឯងចូរយកបង្វិចនេះទៅ។ លំដាប់នោះ នាងវិសាខាមិគារមាតា បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់នាងវិសាខាមិគារមាតាដែលអង្គុយនៅក្នុងទីដ៏សមគួរហើយ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថាហើយ។ ឯនាងវិសាខាមិគារមាតា លុះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណហើយចៀសចេញទៅ។ ឯទាសីនោះ ក៏ភ្លេចចោលនូវបង្វិចនោះ ហើយដើរចេញទៅ។ ភិក្ខុទាំងឡាយឃើញហើយ បានក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូររើសយកទុកចុះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរើសឯង ឬប្រើគេឲ្យរើសនូវរតនៈក្តី នូវវត្ថុដែលគេសន្មតជារតនៈក្តី
ID: 636787646749875403
ទៅកាន់ទំព័រ៖